នាយកប្រតិបត្តិអន្តរជាតិរបស់ធនាគារ BRED Banque Populaire លោក Stéphane Mangiavacca បានចូលរួមជាមួយគណៈប្រតិភូនៃក្រុមហ៊ុនបារាំងផ្សេងទៀតបានជួបជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសដំណើរទស្សនកិច្ចរបស់លោក Olivier Becht រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញផ្នែកសេដ្ឋកិច្ច និងជនជាតិបារាំងនៅបរទេស។
លោក François Corbin តំណាងពិសេសរដ្ឋមន្ត្រីការបរទេសបារាំង ទទួលបន្ទុកទំនាក់ទំនង សេដ្ឋកិច្ចជាមួយបណ្តាប្រទេសអាស៊ាន និងជាប្រធានក្រុមប្រឹក្សាបារាំង-កម្ពុជានៅសហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF International) បានចូលរួមកិច្ចប្រជុំជាបន្តបន្ទាប់ ដែលអនុញ្ញាតឲ្យគណៈប្រតិភូបានជ្រាបអំពីគម្រោងសំខាន់ៗសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ខណៈពេលដែលអនុញ្ញាតឲ្យភាគីទាំងពីរស្វែងយល់ពីរបៀបក្រុមហ៊ុនបារាំងអាចចូលរួមសហការដើម្បីពង្រីកវិស័យពាណិជ្ជកម្មដែលផ្តល់ផលប្រយោជន៍ទៅកាន់ប្រទេសទាំងសងខាង។
ការបិទកិច្ចប្រជុំនេះបានធ្វើឡើងនៅវិមានសន្តិភាព ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង សុន្ទរកថាខ្លីៗ ព្រមទាំងបានឆ្លើយសំណួរជាច្រើនរបស់ក្រុមហ៊ុនបារាំងដែលមានវត្តមាននៅទីនោះ។ លោកក៏បានអញ្ជើញពួកគេមកបើកអាជីវកម្មបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ទន្ទឹមនឹងពេលដែលផលិតផល និងសេវាកម្មរបស់ពួកគេមានកេរ្តិ៍ឈ្មោះល្បីល្បាញរួចទៅហើយ។
លោក Stéphane Mangiavacca មានប្រសាសន៍ថា “គណៈប្រតិភូបានបង្ហាញនូវឱកាសដ៏សំខាន់មួយសម្រាប់យើងខ្ញុំក្នុងការកសាងទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសបារាំង និងកម្ពុជា។ “តាមទស្សនៈរបស់ក្រុមហ៊ុន BRED Group យើងប្តេជ្ញាយ៉ាងមុតមាំចំពោះព្រះរាជាណាចក្រ និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់ប្រទេសនេះផ្ទាល់ ដែលយើងខ្ញុំនឹងបន្តគាំទ្រវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងសងខាង”។
ធនាគារ ប្រេដ ប៊ែង ខេមបូឌា សូមចេញសេចក្តីប្រកាសអំពីការក្លែងបន្លំជាបន្ទាន់
ធនាគារ ប្រេដ ប៊ែង ខេមបូឌា នាពេលថ្មីៗនេះបានទទួលដំណឹងអំពីករណីដែលមានជនបោកប្រាស់បានធ្វើការប្រើប្រាស់រូបភាពសាខាបាត់ដំបងរបស់ធនាគារយើងខ្ញុំជាមួយនឹងការកែប្រែស្លាកយីហោ និងឈ្មោះរបស់ធនាគារយើងខ្ញុំ ដើម្បីប៉ុនប៉ងបោកប្រាស់អតិថិជនដែលមិនបានដឹងព័ត៌មាន។
សូមបញ្ជាក់ថាធនាគារ ប្រេដ ប៊ែង ខេមបូឌា មិនមានការពាក់ព័ន្ធជាមួយស្ថាប័នដែលហៅខ្លួនឯងថា ‘ធនាគារ BAB’ ឬ ‘BAB Loan’ ហើយ ‘ធនាគារ BAB’ ឬ ‘BAB Loan’ មិនមែនជាធនាគារដែលមានអាជ្ញាប័ណ្ណនោះទេ។
ធនាគារ ប្រេដ ប៊ែង ខេមបូឌា មានសាខាតែមួយគត់ក្នុងខេត្តបាត់ដំបង ដែលមានទីតាំងនៅផ្ទះលេខ 36 & 37 ផ្លូវលេខ 1 ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រសិនបើអតិថិជនណាមួយបានឃើញភស្តុតាងនៃជនក្លែងបន្លំដែលប៉ុនប៉ងប្រើប្រាស់រូបថត ឬស្លាកយីហោរបស់ ធនាគារ ប្រេដ ប៊ែង ខេមបូឌា សូមលោកអ្នករាយការណ៍ជាបន្ទាន់ទៅកាន់ធនាគារ និងអាជ្ញាធរមានសមត្ថកិច្ច។ ធនាគារ ប្រេដ ប៊ែង ខេមបូឌា ក៏នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះស្ថាប័ន ឬបុគ្គលណាដែលប្រើប្រាស់រូបភាព និង អត្តសញ្ញាណម៉ាករបស់ធនាគារដោយគ្មានការអនុញ្ញាត។
យើងខ្ញុំសូមលើកទឹកចិត្តឲ្យអតិថិជនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ និងយល់ដឹងពីការបោកប្រាស់ដែលអាចនឹងកើតឡើង ព្រមទាំងរាយការណ៍ពីប្រភពគួរឲ្យសង្ស័យណាមួយជាបន្ទាន់។ ធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងមិនទទួលខុសត្រូវចំពោះរាល់សកម្មភាដែលធ្វើឡើងដោយ ‘ធនាគារ BAB’ ឬ ‘BAB Loan’ ឬការខាតបង់ណាមួយដែលបង្កឡើងដោយបុគ្គល ឬស្ថាប័នណាមួយ ដែលពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មទាំងនេះឡើយ។
សូមអរគុណ!